គិរីវង់រៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ, ប្រកាសឡូហ្គោ និងឯកសណ្ឋានថ្មី

518
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានប្រកាសពីគម្រោងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ, ប្រកាសឡូហ្គោ និងឯកសណ្ឋានថ្មី ដែលធ្វើឡើងនៅកីឡដ្ឋានផ្ទាល់តែម្ដង នៅស្រុកគិរីង់ ខេត្តតាកែវ ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា វេលាម៉ោង៤ល្ងាច។
 
ក្នុងពិធីដ៏ពិសេសនេះ នឹងមានការប្រកួតប្រជែងរូបថត, លេងល្បែងកម្សាន្ដដើម្បីឈ្នះរង្វាន់, ការជួបជាមួយកីឡាករនិមិត្តរូប (idol), ថតរូបអនុស្សាវរីយ៍ និងជួបជុំអ្នកគាំទ្រទាំងអស់គ្នា។
 
 
 
ក្លិបគិរីវង់សុខសែនជ័យក៏បានអំពាវនាវដល់អ្នកគាំទ្រចូលរួមកម្មវិធីជួបជុំនេះឲ្យច្រើនកុះករនៅកីឡដ្ឋានដែលអាចផ្ទុកទស្សនិកជនបានប្រមាណជាង១០០០នាក់។
 
 
លោក ឌុក វាសនា ដែលជាអ្នកចាត់ការក្លិបធ្លាប់ប្រាប់ CNCC ថា សន្ទុះអ្នកទស្សនាក្លិបកាន់តែច្រើនឡើងៗពេលធ្វើម្ចាស់ផ្ទះម្ដងៗ។ លោកថា ក្លិបក៏កំពុងតែរិះរកវិធីផ្សេងៗដើម្បីស្រូបទាញអ្នកគាំទ្រឲ្យកាន់តែផុសផុល។
 
 
គួរដឹងដែរថា គិរីវង់សុខសែនជ័យ បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ជាប្រធាន និងឯកឧត្តម សុខ សប្បាយណា ជាអនុប្រធាន៕
 
ប្រភព៖ CNCC