ដើម្បីសម្រួលដល់អត្តពលិកជនពិការ និងជនពិការទូទៅ ដែលបានទទួលអាហារូបករណ៍សម្ដេចតេជោ មករស់នៅក្រុងភ្នំពេញដែលពុំមានកន្លែងស្នាក់នៅ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន បានចាប់ផ្ដើមធ្វើការរៃអង្គាសជាថវិកា និងសម្ភារៈ ដើម្បីសាងសង់អគារស្នាក់នៅរបស់ជនពិការគម្រោង ៥០បន្ទប់។ នេះបើតាមសេចក្តីប្រកាស របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាកាលពីថ្មីៗ។
ក្នុងសេចក្តីប្រកាសបានឲ្យដឹងថា ការចូលរួមរបស់ទ្រង់ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាការរួមចំណែកផ្ដល់ភាពកក់ក្ដៅ ដល់បងប្អូនជនពិការដែលមានការលំបាក និងជាការវិនិយោគសម្រាប់និរន្តរភាព ក្នុងការកសាងធនធានប្រកបដោយសក្ដានុពល របស់ជនពិការយើងនៅទូទាំងប្រទេស ក្នុងបំណងជួយដល់បងប្អូនមានការងារធ្វើ មានចំណូលជួយខ្លួនឯង និងជួយគ្រួសារ។ ពិសេសតាមរយៈការងារជាសប្បុរស បានផ្ដល់នូវកុសលថ្លៃថ្លាសម្រាប់ទ្រង់ សម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញាក្នុងជាតិនេះ និងទៅជាតិក្រោយៗទៀត ហើយចាត់ទុកថា បានចូលរួមចំណែកកសាងសង្គមខ្មែរយើង ក្នុងលក្ខណៈគ្រួសារតែមួយ។
ចំពោះទូរស័ព្ទទំនាក់ទំនងរបស់គណៈកម្មាធិការរៃអង្គាសមាន៖ ឯកឧត្ដម យី វាសនា ០១៦ ៨៨០ ៣៥៤, លោក យី សុភក្តា ០៩៨ ៧៤៧ ១២៣, លោក ម៉ៅ សុជា ០១៦ ៦៦៦ ៨០៨, លោកស្រី សុង សុខលាភ ០១៥ ៩០១ ៥៤០ ឬអញ្ជើញទៅផ្ទាល់ដល់ការិយាល័យនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ប្រភព៖ Bayon TV