ខ្សែការពារ Gary Cahill ចេញពី Chelsea ទៅចូលរួមជាមួយ Crystal Palace

295

ក្លិប Crystal Palace បានប្រកាស​ពីការចុះហត្ថលេខាលើអតីតខ្សែការពាររបស់ក្រុមតោខៀវ Chelsea កីឡាករ​ Gary Cahill ជាមួយការផ្ទេរដោយឥតគិតថ្លៃ។

កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានចាកចេញពីតោខៀវបន្ទាប់ពីចំណាយពេល ៧ ឆ្នាំនៅ Stamford Bridge ដែលជាកន្លែងដែលរូបគេបានឈ្នះពាន Premier League ចំនួន ២ លើក ពាន Champions League, Europa League និង FA Cup។​

ខ្សែការពារដែលមានបទពិសោធន៍ធ្លាប់បង្ហាញខ្លួនបាន ៣៤៩ ប្រកួតនៅ Premier League និងរកបាន ៦១ គ្រាប់រូបនេះ បានចុះកុងត្រារយៈពេល ២ ឆ្នាំជាមួយក្រុម Crystal Palace ហើយបាននិយាយថាគាត់មិនទាន់មានគំរោងចង់ព្យួរស្បែកជើងនៅពេលឆាប់ៗនេះទេ។

លោក Roy Hodgson អ្នកចាត់ការ Crystal បាននិយាយថា“ ខ្ញុំពិតជារីករាយណាស់ដែល Gary បានចូលរួមជាមួយយើង” ។ គាត់គឺជាកីឡាករបាល់ទាត់ដ៏ឆ្នើមម្នាក់ដែលនាំមកនូវបទពិសោធទាំងអន្តរជាតិ និង Premier League

គួរបញ្ជាក់ថា Crystal Palace ទើបតែបាននាំចូលកីឡាករ ២ រូបមានដូចជាខ្សែប្រយុទ្ធ Ayew និងអ្នកចាំទី Stephen Henderson ហើយបានលក់ខ្សែការពារ​ស្តាំ Aaron Wan-Bissaka ទៅឲ្យ Manchester United ក្នុងតម្លៃ ៥០ លានផោន (៦០,៧៥ លានដុល្លារ)។

ប្រភព៖ Supersport