អតីតខ្សែការពារក្រុមជម្រើសជាតិជប៉ុន Gen Shoji បានផ្លាស់ពីក្លឹបបារាំង Toulouse មកកាន់ក្លឹបកំណើត Gamba Osaka វិញហើយ។
Shoji ធ្លាប់លេងជាយុវជនរបស់ក្លឹប Gamba Osaka គ្រាដែលរៀននៅវិទ្យាល័យ។ ហើយកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចាប់ផ្តើមជាកីឡាករអាជីពជាមួយក្លឹប Kashima Antlers ក្នុងឆ្នាំ ២០១១ មុនពេលផ្ទេរទៅលេងនៅក្លឹបបារាំង Toulouse ក្នុងក្របខ័ណ្ឌ Ligue 1 សម្រាប់រដូវកាល ២០១៨-១៩។
ក្រោយរួមរស់បានតែ ១ រដូវកាលមុនជាមួយ Toulouse ពេលវេលានៅលើទីលានរបស់រូបគេក្នុងរដូវកាលនេះហាក់ត្រូវបានកាត់បន្ថយ ដោយសារតែការញាំញីដោយរបួស។
Shoji ក៏ជាសមាជិកដ៏សំខាន់ម្នាក់របស់ក្រុមជម្រើសជាតិជប៉ុនក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ីដែលក្រុមសាមូរ៉ៃខៀវឈានដល់វគ្គ ១៦។
គួរដឹងដែរថា ក្លឹប Gamba Osaka បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៧ ក្នុងក្របខ័ណ្ឌ J1.League កាលពីរដូវកាលមុន ខណៈរដូវកាលឆ្នាំ ២០២០ នេះនិងចាប់ផ្តើមនៅថ្ងៃទី ២១ ខែកុម្ភៈខាងមុខនេះ។