ខ្លាំងប៉ះខ្លាំង! ក្រុម​ភ្ងៀវ​ហូឡង់ លត់ម្ចាស់ផ្ទះអាឡឺម៉ង់ ២-៤ (វីដេអូ)

372

ជំនួបខ្លាំងប៉ះខ្លាំងរវាងក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ បានចាញ់ស្ពឹកមុខក្រោមថ្វីជើងរបស់ក្រុមភ្ញៀវហូឡង់ ក្នុងលទ្ធផល ២-៤ នៃវគ្គជម្រុះ UEFA Euro 2020 នាយប់មិញនេះ បន្ទាប់ពីម្ចាស់ផ្ទះបានធ្វើការនាំមុខ ១គ្រាប់មុនតាំងពីវគ្គទី១។

ការប្រកួតលើកទី៤ ក្នុងវគ្គសន្សំពិន្ទុនៃពូល C ក្នុងការប្រជែងយកកៅអី ដើម្បីទៅលេងក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប ឆ្នាំក្រោយនេះ កីឡាករ Gnabry ជាអ្នករកបានតែ ១គ្រាប់ប៉ុណ្ណោះឲ្យអាល្លឹម៉ង់នៅនាទីទី៩’ សម្រាប់វគ្គទី១។ ចូលវគ្គទី២ កីឡាករវ័យក្មេង De Jong ខ្សែបម្រើ​ក្រុម Barcelona រកបានគ្រាប់តាមស្មើឲ្យហូឡង់វិញនៅនាទី៥៩’ និងបើកផ្លូវឲ្យក្រុមហូឡង់នាំមុខ ២-១ ទៀត ពីការធ្វេសប្រហែសចូលទី ខ្លួនឯងរបស់ខ្សែការពារ Tah នៅនាទី៦៦’ រួមជាមួយ Malen រកបាន ១គ្រាប់នៅនាទី៧៩’ និងខ្សែបម្រើមកពីក្លឹប Liverpool, Wijnaldum រកបានគ្រាប់ទី៤ នៅនាទី៩០+១។

យ៉ាងណាក៏ដោយ កីឡាករខ្សែបម្រើមកពីក្លឹប Real Madrid, Toni Kroos រកបាន ១គ្រាប់ប៉េណាល់ទីផងដែរនៅនាទី ៧៣’ ឲ្យអាឡឹម៉ង់។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យហូឡង់បញ្ចប់កំណត់ត្រាលេងមិនឈ្នះអាល្លឺម៉ង់ គិតចាប់តាំងពីឆ្នាំ២០០២ មក និងធ្វើឲ្យក្រុមរបស់លោក Joachim Low ខកខានឡើងទៅឈរនៅកំពូលនៃពូល C បណ្តោះអាសន្នផងដែរ ដោយបន្ត ឈរនៅលេខ២ ដដែលមាន ៩ពិន្ទុ ហូឡង់លេខ៣ មាន៦ពិន្ទុ និងអៀរឡង់ខាងជើងបន្តឈរនៅកំពូលតារាងដដែល ក្រោយឆ្លងកាត់ ៤ប្រកួត រកបាន ១២ពិន្ទុពេញនោះ៕