ក្លឹប​លី​គ​ទី​ ៣ ​អបអរ​ដូចឈ្នះ​ពាន​ ក្រោយ​ចាប់​ឆ្នោត​ជួប Real Madrid នៅវគ្គ ៣២ ​ក្រុម Copa del Rey

1299

​ក្លឹប​បាល់ទាត់​នៅ​លី​គ​លំដាប់​ទី ៣ របស់​អេ​ស្ប៉ា​ញ Unionistas de Salamanca បាននាំគ្នា​អបអរ​ដូច​លើក​ពាន បន្ទាប់ពី​ចាប់ឆ្នោត​ជួប​ប្រកួត​ជាមួយ​ក្រុម​យក្ស Real Madrid ក្នុង​វគ្គ ៣២​ ក្រុម​ចុងក្រោយ​​ពានរង្វាន់ Copa del Rey។

​​កីឡាករ​របស់​ក្លឹប​នៅ​ក្រប​ខណ្ឌ ​Segunda Division B មួយ​នេះ​បាន​កំពុង​មើល​ការ​ចាប់​ឆ្នោត​តាម​កញ្ចក់​ទូរទស្សន៍​ ហើយ​កីឡាករ​បាន​ចាប់ផ្ដើម​លោត​ចុះឡើង​ នៅ​ពេល​ដែល​ឈ្មោះ​ក្រុម​របស់​លោក Zinedine Zidane​ ត្រូវ​បាន​បង្ហាញ​ជា​ដៃគូប្រកួត​របស់​ខ្លួន​។​

​Unionistas de Salamanca បាន​យកឈ្នះ​ក្រុម Deportivo de La Coruna របស់ Segunda Division ក្នុង​លទ្ធផល ៨-៧ ដោយ​បាល់ ១១ម៉ែត្រ​កាត់​សេចក្តី បន្ទាប់ពី​ស្មើ ១-១ ដើម្បី​ឈាន​ដល់​ជុំ​ទី​៣ នៃ​ការប្រកួត​។​ ​

Unionistas ​នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ដ៏​តូច​របស់​ខ្លួន​ផ្ទុក​ទស្សនិកជន​បាន​ត្រឹម ៣ ពាន់​នាក់​ទទួល​ស្វាគមន៍ Real Madrid នៅ​ទីក្រុង Salamanca នៅ​ថ្ងៃ​ទី​២២ ខែ​មករា​នេះ​៕