ក្លឹបអ្នកមាន JDT អាចនឹងមិនបានលេងនៅ AFC Champions League ឆ្នាំ ២០២១

231

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Utusan Malaysia បានឲ្យដឹងថាក្លឹបម្ចាស់ជើងឯកលីគកំពូល ៧ សម័យ Johor Darul Ta’zim (JDT) អាចនឹងត្រូវព្យួរមិនឲ្យលេងពានរង្វាន់ AFC Champions League រយៈពេល ២ ឆ្នាំខាងមុខ ។

មូលហេតុត្រូវបានប្រភពខាងលើយល់ឃើញថា ក្លឹបម៉ាឡេស៊ីមួយនេះ បានដកខ្លួនចេញពីពានរង្វាន់អាស៊ីមួយនេះ នៅប្រទេសកាតាកាលពីខែមុន។

ដូច្នេះហើយ យោងតាមមាត្រា ៦.២.៥.៣ នៅក្នុងច្បាប់នៃការប្រកួតប្រជែងបានចែងថា ក្រុមដែលបានដកខ្លួនចេញនៅវគ្គជម្រុះនឹងត្រូវពិន័យជាប្រាក់ចំនួន ៥ ម៉ឺនដុល្លារអាមេរិក និងត្រូវព្យួររយៈពេល ២ ឆ្នាំ ។

ទោះយ៉ាងណា ករណីនេះអាចត្រូវបានលើកលែង បើផ្អែកលើកថាខ័ណ្ឌ ៦.៤ ដែលចែងថាការដាក់ទណ្ឌកម្មណាមួយទៅលើក្រុមដែលបានដកខ្លួនចេញ បន្ទាប់ពីការប្រកួតចាប់ផ្តើម អាចមិនត្រូវបានកំណត់ក្នុងករណី (ស្ថានការណ៍ដែលមិនបានរំពឹងទុក ) ។

គួររំលឹកថា JDT មិនអាចមានវត្តមាននៅក្នុងទីក្រុងដូហាបាននៅពេលនោះទេ ពីព្រោះរដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យមានចលនាចេញចូល នៅតាមច្រកព្រំដែនរបស់ប្រទេស ក្នុងកំឡុង COVID-19 ។

JDT បានត្រឹមលេង ២ ប្រកួតក្នុងពូលប៉ុណ្ណោះដោយចាញ់ Vissel Kobe ៥-១ និងជ័យជម្នះ ២-១ លើ Suwon Bluewings ។ ការប្រកួតនៅ AFC Champions League 2021 ខាងមុខ អ្នកគាំទ្រសង្ឃឹមថាការដាក់ទណ្ឌកម្មរបស់ JDT អាចត្រូវបានលើកលែង ព្រោះពួកគេមិនដកខ្លួនដោយចេតនាទេ ប៉ុន្តែវាគឺជាការហាមឃាត់ពីរដ្ឋាភិបាលខ្លួនឯង។