ក្លឹបលេងនៅលីគកំពូលប្រទេសអ៊ុយរ៉ុហ្កាយ Penarol បានប្រកាសតែងតាំងអតីតខ្សែប្រយុទ្ធក្រុម Manchester United, Diego Forlan ជាគ្រូបង្វឹក។
Forlan នឹងជំនួសគ្រូបង្វឹកចាស់លោក Diego Lopez ហើយនេះជាការបោះជំហានដំបូងក្នុងអាជីពជាគ្រូបង្វឹករបស់បុរសវ័យ ៤០ឆ្នាំរូបនេះក្នុងទឹកដី Montevideo។
កាលនៅជាកីឡាករ Forlan ធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិអ៊ុយរូហ្គាយបាន ១១២ ប្រកួត ហើយធ្លាប់ប្រកបអាជីពជាមួយក្លឹបធំៗមានដូចជា Manchester United, Villarreal, Atletico Madrid និង Inter ជាដើម ហើយរូបលោកក៏បានឈ្នះពាន Premier League ជាមួយបិសាចក្រហមក្នុងឆ្នាំ ២០០៣។
លោកបានចូលនិវត្តន៍កាលពីខែសីហាកន្លងទៅ បន្ទាប់ពីបន្តអាជីពនៅអាស៊ីដោយធ្លាប់លេងឲ្យក្លឹបជប៉ុន Cerezo Osaka, Mumbai City របស់ឥណ្ឌា និង Kitchee របស់ហុងកុង។