ក្លឹបថៃ Port FC នាំចូលអតីតខ្សែប្រយុទ្ធក្លឹបយក្សបារាំង PSG

531

ក្លឹបលីគកំពូលថៃ Port FC ដែលមានកៅអីទៅវគ្គចែកពូលក្នុងពានរង្វាន់ AFC Champions League ឆ្នាំ ២០២១ បានឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធបារាំង Yannick Boli មកចូលរួមសម្រាប់ជើងទី ២ ពីក្លឹប Ratchaburi Mitr Phol ។

ប្រធានក្លឹបលោកជំទាវប៉ាង បានមានប្រសាសន៍ថា Boli គឺជាកីឡាករដែលមានជំនាញខ្ពស់។ អាចលេងបានច្រើនតំណែងក្នុងតំបន់ប្រយុទ្ធ ។ ថ្នាក់ដឹកនាំ និងគ្រូបង្វឹកជឿជាក់ថាការចូលរួមរបស់រូបគេ នឹងធ្វើឲ្យដៃគូប្រកួតកាន់តែមានភាពគ្រោះថ្នាក់។

អ្វីដែលសំខាន់ លោកជំទាវ ក៏សង្ឃឹមថាវត្តមានរបស់ខ្សែប្រយុទ្ធរកបាន ២០ គ្រាប់ពី ៣៤ ប្រកួតឲ្យ Ratchaburi Mitr Phol កាលពីរដូវកាលមុន ក៏និងក្លាយជាកម្លាំងស្នូលជួយ Port ឲ្យជោគជ័យក្នុងការឈ្នះពាន Thai League ក៏ដូចជាការប្រឡូកក្នុងពានអាស៊ី AFC Champions League ឆ្នាំក្រោយ ។

សម្រាប់ Yannick Boli ជាអតីតកីឡាកររបស់ថ្នាលយុវជនក្លឹបយក្សបារាំង Paris Saint-Germain ។ រូបគេចាប់អាជីពជាមួយក្រុមធំ PSG ដំបូងក្នុងឆ្នាំ ២០០៧ មុនពេលត្រូវបានខ្ចីជើងទៅកាន់ក្លឹប Le Havre និង Nimes ។

ក្រៅពីនេះខ្សែប្រយុទ្ធបច្ចុប្បន្នវ័យ ៣២ ឆ្នាំរូបនេះធ្លាប់ប្រកបអាជីពជាមួយក្លឹបក្រៅប្រទេសបារាំងបានជាច្រើនរួមមាន Anzhi Makhachkala (រុស្ស៊ី), Dalian Yifang (ចិន), Colorado Rapids (អាមេរិច) និងចុងក្រោយជាមួយ Ratchaburi Mitr Phol (ថៃ) មុនផ្លាស់មកកាន់ Port FC ។