ក្លិប​បឹងកេត បង្ហាញសមាសភាពកីឡាករ និងគ្រូបង្គោលថ្មី ត្រៀមរដូវកាល ២០២០

721

ក្លិបបាល់ទាត់បឹងកេតបានរៀបចំកម្មវិធីបង្ហាញសមាសភាពកីឡាករ និងគ្រូបង្គោលថ្មីនៅរសៀលថ្ងៃសៅរ៍ ទី២៨ ខែធ្នូ នាកីឡដ្ឋាន Cambodia Airway ក្រោមអធិបតីភាពអ្នកស្រីប្រធានក្លិប ពុធ,លោក បែ មករា អគ្គលេខាធិការក្លិប និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោក Apisit Im Amphai ជនជាតិថៃត្រូវបានបង្ហាញជាគ្រូបង្គោលថ្មី រួមទាំងកីឡាករវ័យក្មេង៤រូបទៀតដែលផ្លាស់ពីសាលាបាល់ទាត់ជាតិបាទី ដូចជាអ្នកចាំទី ថា ច័ន្ទឫទ្ធី, ខ្សែការពារ សៅ វ៉ៃហ្វី, ខ្សែការពារ ជុង មករា និងខ្សែប្រយុទ្ធ សៀង ចន្ធា។

អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេតបានបង្ហាញចំណាប់អារម្មណ៍ក្នុងសន្និសីទសារព័ត៌មានថា អ្នកស្រីរីករាយដែលក្លិបបានរៀបចំកម្មវិធីនេះឡើង។ តាមពិតទៅ សមាជិកថ្មីត្រូវបានប្រកាសមួយរយៈធំដែរហើយ តែទើបថ្ងៃសៅរ៍ ទី២៨ ធ្នូ នេះដែលក្លិបមានឱកាសធ្វើពិធីបង្ហាញផ្លូវការ ដោយសារភាពមមាញឹករៀងៗខ្លួន។

ពាក់ព័ន្ធទៅនឹងការនាំចូលយុវជន អ្នកស្រី ពុធ ធីតា សង្កត់ធ្ងន់ថា បឹងកេតចង់ផ្ដល់ឱកាសដល់កីឡាករក្មេងៗបង្ហាញសមត្ថភាព សម្រួចខ្លួនឈានទៅក្លាយជាធនធានដ៏ល្អមួយនាពេលអនាគត។

ចំណែកលោក បែ មករា អ្នកចាត់ការក្លិបបឹងកេតឲ្យដឹងថា មូលហេតុសម្រេចជ្រើសរើសលោក Apisit Im Amphai  ជាគ្រូបង្គោលថ្មី ព្រោះក្លិបចង់ផ្លាស់ប្ដូរអ្វីដែលថ្មីដើម្បីឲ្យឈានទៅកាន់ភាពកាន់តែប្រសើរថែមទៀត។ មិនតែប៉ុណ្ណោះ គ្រូបង្វឹកជនជាតិថៃរូបនេះក៏ធ្លាប់មានស្នាដៃច្រើននៅក្លិបភ្នំពេញក្រោនកាល១០ឆ្នាំមុន។ ចំពោះកិច្ចសន្យាវិញ គឺមានរយៈពេលមួយឆ្នាំ។

លោក Apisit Im Amphai បញ្ជាក់ថា ការដែលលោកសម្រេចចិត្តទទួលយកការងារនៅកម្ពុជាសាជាថ្មីដោយសារតែទំនាក់ទំនងល្អ ព្រោះលោកធ្លាប់មានបទពិសោធដឹកនាំនៅប្រទេសមួយនេះកន្លងមកដែរ។

ជាមួយគ្នានេះ កីឡាករវ័យក្មេងទាំង៤ គឺអ្នកចាំទី ថា ច័ន្ទឫទ្ធី, ខ្សែការពារ សៅ វ៉ៃហ្វី, ខ្សែការពារ ជុង មករា និងខ្សែប្រយុទ្ធ សៀង ចន្ធា អះអាងសប្បាយចិត្តដែលបានចូលរួមជាមួយក្លិបដ៏ធំ និងមានកីឡាករល្អៗច្រើនដូចបឹងកេត។ ពួកគេនឹងខិតខំប្រឹងប្រែងដើម្បីជួយក្លិបទទួលបានសមិទ្ធផលជាច្រើនទៀត៕

អត្ថបទ៖ CNCC